នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន។ សិក្ខាសាលានេះមានសមាសភាពចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោកអភិបាលស្រុកពួក និងលោកនាយក/នាយិកាសាលាបឋមសិក្សា និងមធ្យមសិក្សា ក្នុងខេត្តសៀមរាប សរុបចំនួន១០០នាក់។
ជាកិច្ចបើកកម្មវិធីសិក្ខាសាលា លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានថ្លែងអំពីសារៈសំខាន់នៃការងារអប់រំបរិស្ថានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាវិស័យអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន ដល់សិស្សានុសុស្ស និងសាធារណៈជន។
សិក្ខាសាលានេះផ្តោតទៅលើការអប់រំបរិស្ថានក្រៅប្រព័ន្ធ ជាពិសេសការរៀបចំប្រែក្លាយសាលារៀនទូទំាងប្រទេសឱ្យក្លាយជាសាលាមេត្រីបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស និងការចូលរួមថែរក្សាបរិស្ថាន នៅតាមសាលារៀន និងសហគមន៍។
គូសបញ្ជាក់ផងដែរថា សាលាមេត្រីបរិស្ថានអាស៊ាន ត្រូវប្រារព្វជារៀងរាល់ពីរឆ្នាំម្តង ហើយនៅឆ្នាំ២០១៩ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតប្រជែងសាលាមេត្រីបរិស្ថានអាស៊ាន៕